ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយ​មិត្តភក្តិ​រួម​ជំនាន់​ចុះសួរសុខទុក្ខ មិត្ត​ជួប​ការលំបាក​ដោយ​មាន​ជំងឺ​ទឹកនោម​ផ្អែម​រ៉ាំរ៉ៃ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ​!

​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២៦ អតីត​មិត្តភក្តិ​រួម​ជំនាន់​សាលា​បាក់​ទូក​មួយ​ក្រុម ដែល​នាំមុខ​ដោយ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រួម​ជាមួយ​អតីត​លោកគ្រូ​អ្នកគ្រូ​បង្រៀន​នៅ​សាលា​បាក់​ទូក បាននាំគ្នា​ទៅ​សួរ សុខទុក្ខ​លោក ព្រំ ន​រ៉ាវុធ ជា​អតីត​មិត្ត​រៀន​សាលា​បាក់​ទូក​រួម​ជំនាន់​ជាមួយគ្នា ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​រ៉ាំរ៉ៃ​ជា​យូរ​ឆ្នាំ​មកហើយ ជា​ចុងក្រោយ​នេះ​ដោយ​ស្ថានភាព​ជំងឺ​មាន​ដំបៅ​ជើង ត្រូវបាន​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ សម្រេច​ឱ្យ​ធ្វើការ​កាត់​ជើង​ខាងស្តាំ​ដែល​មាន​អំបៅ​នោះ​ចេញ​កាលពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២៦ កន្លងមកនេះ​។​

​ជាក់ស្តែង​ដោយ​មើល​ឃើញ​លោក ព្រំ ន​រ៉ាវុធ ដែល​ជា​មិត្ត​រួម​ជំនាន់ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​រហូត​ដល់​ពិការ​ជើង​បែបនេះ មិត្តភក្តិ​រួម​ជំនាន់ ក៏ដូចជា​តីត​លោកគ្រូ​អ្នកគ្រូ ម្នាក់ៗ បានរួម​គ្នា​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន តាម​លទ្ធភាព​សរុប​បាន​ថវិកា​ចំនួន ១៣,២០០,០០០​រៀល ស្មើនឹង ៣,៣០០​ដុល្លារ ភេសជ្ជៈ​ចម្រុះ​ចំនួន​១២​កេស​, មី​០២​កេស និង​កាហ្វេ​០២​កញ្ចប់​ធំ នាំយកទៅ​ប្រគល់ជូន​ដល់​លោក ព្រំ ន​រ៉ាវុធ ទុក​ជា​ការជួយ​សម្រាល​បន្ទុក​ព្យាបាល​ដល់​គ្រួសារ​លោក​ផងដែរ​។​

​ក្នុង​រយៈកាល​កន្លងមក គេ​តែង​សង្កេត​ឃើញ​អតីត​មិត្ត​រួម​ជំនាន់​នៃ​សាលា​បាក់​ទូក​មួយ​ក្រុម ដែល​ផ្តួចផ្តើម​ចងក្រង​ឡើង ដោយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែង​បង្ហាញ​នូវ​សកម្មភាព​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ និង​ចែករំលែក​ធនធាន​ជួយ​ទុក្ខ​ធុរៈ អតីត​លោកគ្រូ​អ្នកគ្រូ មិន​ដែល​មាន​ខាន ព្រមទាំង​ជួយ​ដល់​មិត្ត​ដែល​ជួប​ការលំបាក​និង​ខ្វះ​លទ្ធភាព​គ្រប់ៗ​គ្នា​។

​សកម្មភាព​យកចិត្តទុកដាក់ និង​ចែករំលែក​ធនធាន​ជួយ​ដល់​អតីត​លោកគ្រូ​អ្នកគ្រូ និង​មិត្ត​ដែល​មាន​អាសន្ន​ទាំងនេះ គឺជា​មនោសញ្ចេតនា និង​ជា​គោលការណ៍​ក្នុង​ក្រុម ស្រប​តាម​ពាក្យស្លោក​ដែល​ពួកគាត់​បាន​រួម​គ្នា​បង្កើត​ឡើង​ថា “​សាមគ្គី​មិត្តភាព បង្កើត​ចិត្តរ​មនា ចែករំលែក​ជួយ​គ្នា គ្រប់​គ្រា​លំបាក “៕