តើលោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ បានជ្រាបដែរ ឬទេ? បទល្មើសនេសាទគ្រប់ប្រភេទមានរបាំងល្បៃមុងខុសច្បាប់ពេញលើផ្ទៃទឹក កំពុងតែរីកបង្អួត អាជ្ញាធរនិងសមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកបុរីជលសា
ខេត្តតាកែវ ៖ តាមប្រភពប្រជានេសាទលក្ខណៈគ្រួសារ បានអោយសារព័ត៌មានដឹងថា បទល្មើសនេសាទគ្រប់ប្រភេទ កំពុងរីកបណ្ដែតនៅលើផ្ទៃទឹក បង្អួតអាជ្ញាធរនិងសមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកបុរីជលសា ខេត្តតាកែវ បទល្មើសដែលមានខ្នងបង្អែករឹងមាំ ពីសមត្ថកិច្ចជំនាញ និងមេខ្លោងហាក់ដូចជាមិនទទួលបានការចាប់អារម្មណ៍ ពីសំណាក់អាជ្ញាធរដែនដីស្រុកបុរីជលសារ ក៏ដូចជារដ្ឋបាលខេត្ត តាកែវនោះឡើយ។ រួមទាំងសមត្ថកិច្ចជំនាញ ក៏ដូចជាអាជ្ញាធរដែនដី បិទភ្នែកបណ្ដែតបណ្ដោយឲ្យមានបទល្មើសនេសាទ អណ្ដែតពេញលើផ្ទៃទឹក សូម្បីតែនៅក្រោយរដ្ឋបាលសាលា ស្រុកបុរីជល សារ ក៏គេសង្កេតឃើញមានបទល្មើសនេសាទអណ្ដែត ពេញផ្ទៃទឹកផងដែរ។
ពលរដ្ឋជាច្រើនគ្រួសារដែលប្រកបមុខរបនេសាទស្របច្បាប់បានរៀបរាប់ប្រាប់ឲ្យដឹងថា ទោះបីជារដូវបិទនេសាទក៏ ដោយ ក៏មានអ្នករករបរនេសាទខុសច្បាប់ព្រោងព្រាតលើផ្ទៃទឹកដែលបានដាក់របាំងណររ៉ាវ ឫហៅថា របាំងឈឹប ដែលមានក្រឡាញឹកដែលនាំឲ្យមហន្តរាយកូនមច្ឆជាតិគ្រប់ប្រភេទរងនូវការវិនាសហិនហោចផុតពូជ ជាបណ្ដើរៗហើយ។ ប្រភពបានបន្តអោយដឹងថា ការដាក់សាច់ក្រឡាញឹកបាន ព្រោះមានមន្ត្រីធ្វើការនៅស្ថាប័នប្រដាប់អាវុធនៅខេត្តតាកែវ នៅពីក្រោយខ្នង ជាអ្នករត់ការទើបហ៊ានធ្វើ បែបនេះ ហើយបើមិនមែនជាបក្ស ពួកគេទេ សូម្បីតែរកលៀស រកខ្ចៅក៏មិនបានផងដែរ។ បើតាមប្រភពបានខ្សឹបថា បុរសម្នាក់ឈ្មោះ សុខ ឡេះ ជាអ្នករត់ការបង់សួយសារជូនមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានទូទាំងខេត្តតាកែវ។
ប្រភពបានបន្តទៀតថា បើបណ្ដោយអោយមាន ការដាក់របាំងក្រឡាល្អិតបែបនេះបន្តទៀត ច្បាស់ជារលាយអស់ហើយធនធានមច្ឆជាតិ ។ ប្រភពបានបន្ថែមថា មិនមែនត្រឹម តែអាជ្ញាធរដែនដីនោះទេដែលត្រូវលោក សុខ ឡេះ ដើរតួរសម្របសម្រួលដើម្បីមិនឲ្យលេចឮដល់អ្នកដទៃ ក្នុងនោះសូម្បីតែថ្នាក់ដឹកនាំខេត្ត ជាពិសេសស្ថាប័នជំនាញរដ្ឋបាលជលផល,ក៏ដូចជាមន្ទីរកសិកម្ម ក៏មិនឃើញមានចំណាត់ការចំពោះបញ្ហាបទល្មើសនេសាទនៅក្នុងស្រុកបុរីជលសារនេះដែរ។ បទល្មើសនេសាទទាំងនេះសូម្បីតែមន្ត្រីនៅដែនអភិរក្សក៏ទទួលស្គាល់ថា មានកើតនៅខាង ក្រោយលំនៅដ្ឋានប្រជាពលរដ្ឋនោះព្រោងព្រាត ដោយមិនមានការបង្ក្រាបពីសមត្ថកិច្ចជំនាញពាក់ព័ន្ធម្ដងណាឡើយ។
ហេតុដូច្នេះទើបប្រជានេសាទលក្ខណៈគ្រួសារ ស្នើដល់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងលោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផល ខេត្តតាកែវ គួរពិនិត្យស្រាវជ្រាវភាពមិនប្រក្រតីបែបពុករលួយបណ្តោយអោយមានបទល្មើសពេញលើផ្ទៃទឹកមិនព្រមបង្ក្រាប។ ប៉ុន្តែបើតាមប្រភពពីមន្ត្រីរាជការនៅខេត្តតាកែវបានខ្សឹបខ្សៀវថា លោក សុខ ឡេះ គឺជាតួឯកដ៏សំខាន់ក្នុងការសម្របសម្រួលដើម្បីឲ្យមានបទល្មើសនេសាទ នៅក្នុងខេត្តតាកែវទាំងមូល។ ករណីនេះមិនថាតែនៅក្នុងស្រុកបុរីជលសារនេះទេ នៅស្រុកផ្សេង ទៀតដូចជា៖កោះអណ្ដែត,អង្គរបុរី…ក៏លោក សុខ ឡេះ ជាអ្នកដើរយ៉ាងសំខាន់ក្នុងការកសាងបទល្មើសនេសាទនៅក្នុងមូលដ្ឋានខេត្តតាកែវនេះ។ ជាងនេះទៅទៀតគឺមិនមែនទើបតែឆ្នាំនេះនោះទេ សូម្បីតែឆ្នាំមុនៗរាប់សិបឆ្នាំមកហើយ គឺក្រោមការគ្រប់គ្រងដឹកនាំ បែងចែកផលប្រយោជន៍ របស់លោក សុខ ឡេះ។
គេមិនដឹងថាតើលោក វ៉ី សំណាង អភិបាលខេត្តតាកែវទើបនឹងមកកាន់តំណែងជាអភិបាលខេត្តថ្មីនេះ និងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមនិងលោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដឹងបានជ្រាបរឿងនេះដែរឬយ៉ាងណានោះទេ?៕ ពាក់ព័ន្ធនឹងការចុះផ្សាយរបស់អង្គភាពយើងខ្ញុំបើសិនជាមានខុសឆ្គងត្រង់ចំណុចលើសលួសលក្ខណៈមិនសមរម្យដល់សមីជនរូបណាមួយនោះសូមប្ដឹងមកអង្គភាពយើងខ្ញុំនឹងធ្វើការផ្សព្វផ្សាយកែតម្រូវតាមរបបសារព័ត៌មាននៃប្រទេសកម្ពុជា។