កាស៊ីណូ33បើកលេងល្បែងបញ្ជាល់ មាន់ខ្នាតធំ ឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាមលំហូរចូលលេង យ៉ាងពេញបន្ទុក ខ្លះមានប៉ាស់ព័រ ខ្លះអត់ប៉ាស់ព័រ ដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ!
មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ឃុំថ្នាក់ស្រុក កំពង់ត្របែក មិនហ៊ានទៅក្បែរកាស៊ីណូច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង នោះទេ ព្រោះអ្វីម្ចាស់កាស៊ីណូមានខ្នងបង្អែករឹងមាំនៅពីក្រោយចាំជួយបិទបាំង ទើបបុគ្គលរូបនេះអាចធ្វើអ្វីៗតាមអំពើចិត្ត។
ដូច្នេះហើយទើបប្រជាពលរដ្ឋជំរុញឲ្យ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តនឹងលោក
ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ពិនិត្យឡើងវិញខ្លះផង ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរ និងជនជាតិយួនសម្រុកចូលលេងល្បែងបញ្ជល់មាន់ និងល្បែងផ្សេងៗជាច្រើនប្រភេទទៀត ភ្លូកទឹកភ្លូកដី គ្មានការទប់ស្កាត់ពីស្ថាប័នពាក់ព័ន្ធក្នុងខេត្តព្រៃវែងឡើយ។
មជ្ឈដ្ឋានខាងក្រៅ! និងពលរដ្ឋក្នុងមូលដ្ឋាននៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បានអំពាវនាវដល់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសនាយឧត្ដមសេនីយ៍ សថេត អគ្គស្នងការនគរបាលជាតិ ពិនិត្យឡើងវិញខ្លះផង ព្រោះម្ចាស់កាស៊ីណូនៅច្រកស្វាយអាង៉ោង ខេត្តព្រៃវែង បើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងចាក់ភ្នាល់ស៊ីសងខុសច្បាប់ យ៉ាងគំហុក។
ព្រោះលោក ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង មិនទាន់ចាត់វិធានការបង្ក្រាប ទប់ស្កាត់ទង្វើមិនប្រក្រតីរបស់ម្ចាស់កាស៊ីណូនៅច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង នោះទេ ទុកឲ្យបុគ្គលនិងបក្សពួកធ្វើៗ តាមទំនើងចិត្ត។
ប្រការនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិចាមឃុំចាម ស្រុកកំពង់ត្របែក មានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះអំពើចោរកម្ម ដូចជា ចោរលួច ឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្ផ្សេងៗកើតមានឡើងគូរឲ្យកត់សម្គាល់ថែមទៀតផង មិនទាន់ចាត់វិធានការបង្ក្រាប ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ សុវត្ថិភាព៧ចំណុចដែលដាក់ចេញដោយក្រសួងមហាផ្ទៃ៕