បទល្មើសនេសាទគ្រប់ប្រភេទរីកដូចផ្សិតបណ្ដែតលើផ្ទៃទឹកបង្អួតអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនិង មន្ត្រីជំនាញ ក្នុងស្រុកបុរីជលសា ខេត្តតាកែវមិនហ៊ានបង្ក្រាប?
ខេត្តតាកែវ ៖ ប្រភពប្រជានេសាទលក្ខណៈគ្រួសារ បានអោយដឹងថា បទល្មើសនេសាទគ្រប់ប្រភេទ កំពុងរីកបណ្ដែតនៅលើផ្ទៃទឹក បង្អួតអាជ្ញាធរនិងសមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកបុរីជលសាខេត្តតាកែវ បទល្មើសដែលមានខ្នងបង្អែករឹងមាំ ពីសមត្ថកិច្ចជំនាញ និងមេខ្លោងហាក់ដូចជាមិនទទួលបានការចាប់អារម្មណ៍ ពីសំណាក់អាជ្ញាធរដែនដីស្រុកបុរីជលសារ ក៏ដូចជារដ្ឋបាលខេត្ត តាកែវនោះឡើយ។ រួមទាំងសមត្ថកិច្ចជំនាញ ក៏ដូចជាអាជ្ញាធរដែនដី បិទភ្នែកបណ្ដែតបណ្ដោយឲ្យមានបទល្មើសនេសាទ អណ្ដែតពេញលើផ្ទៃទឹក សូម្បីតែនៅក្រោយរដ្ឋបាលសាលាស្រុកបុរីជល សារ ក៏គេសង្កេតឃើញមានបទល្មើសនេសាទអណ្ដែត ពេញផ្ទៃទឹកផងដែរ។
ពលរដ្ឋជាច្រើនគ្រួសារដែលប្រកបរបនេសាទស្របច្បាប់បានរៀបរាប់ប្រាប់ឲ្យដឹងថា ទោះបីជារដូវបិទនេសាទក៏ ដោយ ក៏មានអ្នករករបរនេសាទខុសច្បាប់ព្រោងព្រាតលើផ្ទៃទឹកដែលបានដាក់របាំងណររ៉ាវ ឫហៅថា របាំងឈឹប ដែលមានក្រឡាញឹកជាការធ្វើឲ្យកូនមច្ឆជាតិគ្រប់ប្រភេទរងនូវការវិនាសហិនហោចផុតពូជ ជាបណ្ដើរៗហើយ។ ប្រភពបានបន្តអោយដឹងថា ការដាក់សាច់ក្រឡាញឹកបាន ព្រោះមានមន្ត្រីធ្វើការនៅស្ថាប័នប្រដាប់អាវុធនៅខេត្តតាកែវ នៅពីក្រោយជាអ្នករត់ការទើបហ៊ានបែបនេះ ហើយបើមិនមែនជាបក្ស ពួកគេទេ សូម្បីតែរកលៀស រកខ្ចៅក៏មិនបានផង។ បើតាមប្រភពថា បុរសម្នាក់ឈ្មោះ សុខ ឡេះ ជាអ្នករត់ការបង់សួយសារជូនមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានទូទាំងខេត្តតាកែវ។
ប្រភពបានបន្តទៀតថា បើបណ្ដោយអោយមាន ការដាក់របាំងក្រឡាល្អិតបែបនេះបន្តទៀត ច្បាស់រលាយអស់ហើយធនធានមច្ឆជាតិ ។ ប្រភពបានបន្ថែមថា មិនមែនត្រឹម តែអាជ្ញាធរដែនដីនោះទេដែលត្រូវលោក សុខ ឡេះ ដើរតួរសម្របសម្រួលដើម្បីមិនឲ្យលេចឮដល់អ្នកដទៃ ក្នុងនោះសូម្បីតែថ្នាក់ដឹកនាំខេត្ត ជាពិសេសស្ថាប័នជំនាញរដ្ឋបាលជលផល,ក៏ដូចជាមន្ទីរកសិកម្ម ក៏មិនឃើញមានចំណាត់ការចំពោះបញ្ហាបទល្មើសនេសាទនៅស្រុកបុរីជលសារនេះដែរ។ បទល្មើសនេសាទទាំងនេះសូម្បីតែមន្ត្រីនៅដែនអភិរក្សក៏ទទួលស្គាល់ថា មានកើតនៅខាង ក្រោយលំនៅដ្ឋានប្រជាពលរដ្ឋនោះព្រោងព្រាត ដោយមិនមានការបង្ក្រាបពីសមត្ថកិច្ចជំនាញម្ដងណាឡើយ។
លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផល ខេត្ត តាកែវមិនអាចសុំការពន្យល់បាននោះទេ។ ប៉ុន្តែបើតាមប្រភពពីមន្ត្រីរាជការនៅខេត្តតាកែវបានខ្សឹបខ្សៀវថា លោក សុខ ឡេះ គឺជាតួឯកដ៏សំខាន់ក្នុងការសម្របសម្រួលដើម្បី ឲ្យមានបទ ល្មើសនេសាទនៅក្នុងខេត្តតាកែវទាំងមូល។ មិនថាតែនៅក្នុងស្រុកបុរីជលសារនេះទេ នៅស្រុកផ្សេង ទៀតដូចជា៖កោះអណ្ដែត,អង្គរបុរី…ក៏លោក សុខ ឡេះ ជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងបទល្មើសនេសាទនៅក្នុងមូលដ្ឋានខេត្តតាកែវនេះ។ ជាងនេះទៅ ទៀតគឺមិនមែនទើបតែឆ្នាំនេះនោះទេ សូម្បីតែឆ្នាំមុនៗរាប់សិបឆ្នាំមកហើយ គឺក្រោមការគ្រប់គ្រងដឹកនាំ បែងចែកផលប្រយោជន៍ របស់លោក សុខ ឡេះ។ គេមិនដឹងថាតើលោក វ៉ី សំណាង អភិបាលខេត្តតាកែវ ដែលទើបតែមក កាន់តំណែងថ្មីៗនិងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមនិងលោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដឹងរឿងនេះដែរឬយ៉ាងណានោះទេ?៕