ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដផ្លូវជាតិលេខ ៦ ស្រុកសន្ទុក ខេត្តកំពង់ធំគាបយកលុយពីរក្រុមរថយន្តដឹកជញ្ជូនធន់ធ្ងន់ទាំងយប់ទាំងថ្ងៃមិនញញើតអ្វីទាំងអស់អាងខ្នងប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ
កំពង់ធំ ៖ ភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុក រលួយរបស់ក្រមមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដផ្លូវជាតិលេខ៦ស្រុកសន្ទុកខេត្តកំពង់ធំប្រែក្លាយជាប្រធានបទមួយសំរាប់អាជីវករនិងឈ្មួញប្រកបរបររកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដស្រុកសន្ទុកខេត្តកំពង់ធំ។ប្រភពពីក្រុមឈ្មួញ ដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ បញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មានយើងដឹងថា សព្វថ្ងៃនេះប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ស្រុកសន្ទុក កំពុងសប្បាយចិត្ត ប្រមូលលុយចែកគ្នា ធ្វើមានធ្វើបាន យ៉ាងសុខស្រួល បើទោះបីរថយន្តធំៗផ្ទុកលើសទម្ងន់នៅតែអាចធ្វើសកម្មភាព ទាំងយប់ទាំងថ្ងៃដោយរលូន ចំណែក លោក ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ រក្សាភាព ស្ងៀស្ងាត់.ធ្វើមិនដឹងមិនឮអ្វីទាំងអស់។
ប្រភពពីឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញក៏ដូចជាកសិកម្មឆ្លងកាត់ផ្លូវជាតិលេខ៦ក្នុងស្រុកសន្ទុកខេត្តកំពង់ធំ បានឲ្យដឹងថា ទោះបីពួកគាត់ផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តតាមបណ្ដោយផ្លូវជាតិលេខ៦ក្នុងភូមិត្រើយម្យ៉ាម ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំនោះដែរ។
ក្រុមឈ្មួញនិងអាជីវករមួយចំនួនបានអះអាងថាពួកគាត់ដឹកជញ្ជូនទំនិញឬកសិផលផ្សេងៗ ដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយ ឲ្យក្រុមមន្ត្រីពុករលួយ ប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ក្នុងភូមិត្រើយម្យ៉ាម មិនអាចរំលងឡើយ។ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក នួន សុផារ័ត្ន អភិបាលខេត្តកំពង់ធំថ្មី និងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់ប្រធានជញ្ជីងថ្លឹងរថយន្តសស្រុកសន្ទុកនិងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តភូមិត្រើយម្យ៉ាម។
ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំបានឲ្យដឹងថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៦ក្នុងស្រុកសន្ទុកគាបយកលុយពីឈ្មួញនិងអាជីវករតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីមន្ត្រីធំៗ នៅខាងលើផងដែរ។ ជាការពិត ឈ្មួញមួយចំនួនបានប្រើប្រាស់រថយន្តយីឌុបធំៗ រថយន្តសណ្ដោងកន្ទុយសណ្ដោងរ៉ឺម៉កផ្ទុកទំនិញលើសទម្ងន់ បើកបរឆ្លងកាត់មុខមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត
ដោយគ្មានការព្រួយបារម្ភ ផ្ទុយទៅវិញមន្ត្រីទាំងនោះ គ្រាន់តែតម្រូវឲ្យម្ចាស់រថយន្តធំៗដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយតាមការកំណត់ គឺជាការស្រេចដោយមិនខ្វល់ពីរឿងរថយន្តទាំងនោះធ្វើឲ្យខូចផ្លូវខូចស្ពាន នោះទេ។
បើតាមការលើកឡើងពីប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រើយម្យ៉ាមឃុំប្រាសាទស្រុកសន្ទុកបានឲ្យដឹងថាពេលរថយន្តធំៗដឹកទំនិញលើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍គឺតែងតែឃើញព្រួរថយន្តឬអ្នកបើកបររថយន្តរត់យ៉ាងប្រសេចប្រសាចទៅបង់លុយឲ្យប្រធានជញ្ជីងនឹងក្រុមមន្ត្រីប្រចាំស្ថានីយ៍តាមការកំណត់ដោយមិនអាចតវ៉ាបានទេ។
ប្រសិនបើឈ្មួញឬអាជីវករណាហ៊ានតវ៉ាប្រាកដជាត្រូវក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ ៦ក្នុងភូមិត្រើយម្យ៉ាម ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំរករឿងឲ្យរើទំនិញចុះឡើងតាមអំពើចិត្ត របស់ពួកគេជាមិនខាន ។
ហេតុនេះហើយទើបរថយន្តធំៗ ដឹកជញ្ជូនទំនិញលើសទម្ងន់រាប់តោនហូរហៀរខុសលក្ខណៈបច្ចេកទេសនៅតែអាចបើកបរលើផ្លូវជាតិលេខ៦យ៉ាងគគ្រឹកគគ្រេងបណ្ដោយឲ្យខូចផ្លូវខូចស្ពានជាបន្តបន្ទាប់ ។
ដែលបញ្ហានេះដែល លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធានគណៈកម្មការសម្រប សម្រួលជញ្ជីងថ្លឹងរថយន្ដចល័តទូទាំងប្រទេស រួមនិងលោក នួន សុផារ័ត្ន អភិបាលខេត្តកំពង់ធំ មិនគួរមើលរំលងប្រធានក្រុមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុក ខេត្តកំពង់ធំ កំពុងប្រែ ក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយតទៅទៀត នោះទេ ។ជាពិសេស លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយនូវតាមដងផ្លូវគួរចាត់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដនៅក្នុងភូមិសាស្ត្រខាងលើប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំង យប់ទាំងថ្ងៃប្រព្រឹត្តរបៀបពុករលួយជិះសេះលែងដៃ៕
