ខេត្តកណ្តាល, ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងសកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តមណ្ឌលគិរី បានអំពាវនាវឲ្យថ្នាក់ដឹកនាំគណកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាបន្ទាន់។ ដោយហេតុថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះមានឈ្មួញដឹកជញ្ជូនឈើចេញពីស្រុកកែវសីមា យ៉ាងអនាធិបតេយ្យ ហើយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបនោះទេ។ ជាពិសេសលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកកែវសីមា យ៉ាងពេញបន្ទុក។សេចក្តីរាយការណ៍និងសកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តមណ្ឌលគិរីពីប្រជាពលរដ្ឋក្នុងស្រុកកែវសីមា បានឲ្យដឹងថា ក្រុមឈ្មួញដឹកជញ្ជូនឈើចេញពីស្រុកកែវសីមា ទៅស្រុកយួនតាមច្រកទ្វេភាគីឡាប៉ាខេនិងក្រុមឈ្មួញដឹកជញ្ជូនឈើពីស្រុកកែវសីមា ចូលទៅស្រុកស្នួលខេត្តក្រចេះ សុទ្ធតែមានខ្នងបង្អែករឹងមាំទើបអាចចៀសផុតពីការបង្ក្រាប។ ឈ្មួញខ្លះទៀតដឹកជញ្ជូនឈើពីស្រុកកែវសីមា ចេញទៅស្រុកយួនតាមច្រកទ្វេភាគីដាក់ដាំ ស្រុកអូររាំង និងច្រកទ្វេភាគីណាំលៀ ហៅច្រកប៉ុស្តិ៍៧ ស្រុកពេជ្រាដា យ៉ាងរលូនព្រោះមានការឃុបឃិតជាប្រព័ន្ធ។ ចំណែកលោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងលោក អ៊ុំ វណ្ណសុភគ៌ នាយរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ត្រូវបានមជ្ឈដ្ឋានានារិះគន់ថា ជាអ្នកឃុបឃិតឲ្យបទល្មើសព្រៃឈើកើតឡើងយ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍។តាមការកត់សម្គាល់ពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ព្រៃឈើនៅក្នុងតំបន់អភិរក្សជីវចម្រុះស្រុកកែវសីមា ខេត្តមណ្ឌលគិរី កំពុងប្រឈមនឹងសេចក្តីវិនាសចៀសមិនផុតឡើយ។ ដោយហេតុថា រយៈពេលប្រមាណ១សប្ដាហ៍ចុងក្រោយនេះឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីស្រុកកែវសីមា យ៉ាងពេញបន្ទុកហើយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើនោះទេ។ ជាងនេះទៅទៀតការបង្ក្រាបបទល្មើសព្រៃឈើក្នុងស្រុកកែវសីមា នាពេលកន្លងមកបានត្រឹមធ្វើឲ្យល្អមើលប៉ុណ្ណោះព្រោះសមត្ថកិច្ចបង្ក្រាបបានតែរថយន្ត ម៉ូតូ និងឈើជាវត្ថុតាង ហើយឈ្មួញនៅតែអាចរួចខ្លួនពីសំណាញ់ច្បាប់យ៉ាងសុខស្រួលដដែល៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ