ខេត្តកណ្តាល, ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ សេចក្តីរាយការណ៍ពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វេភាគីដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញនៅតែអាចដឹកជញ្ជូនឈើចេញពីតំបន់អភិរក្សជីវៈចម្រុះកែវសីមា ស្រុកកែវសីមា និងពីតំបន់ផ្សេងៗទៀតចេញទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា លោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ ជាអ្នកមានសិទ្ធិអំណាចធំធេងជាងគេក្នុងការបើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួន។ ចំណែកលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បណ្តោយឲ្យលោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ ធ្វើអ្វីៗតាមអំពើចិត្ត ហើយលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី សម្ងំស្ងាត់ឈឹង។សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ឈ្មួញឈ្មោះ ម៉ាប់ ឈ្មួញឈ្មោះ សុឃុន និងឈ្មួញឈ្មោះ តាឌី ជាដើមនៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកកែវសីមា ស្រុកអូររាំង និងស្រុកពេជ្រាដា ចេញទៅស្រុកយួនយ៉ាងរលូនគ្មានញញើតអ្វីទាំងអស់។ ប្រការនេះហើយដែលធ្វើឲ្យព្រៃឈើនៅសេសសល់ក្នុងស្រុកកែវសីមា ស្រុកអូររាំង ស្រុកពេជ្រាដា និងស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវប្រឈមនឹងសេចក្តីវិនាស ព្រោះប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងលោក អ៊ុំ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បណ្តោយឲ្យបទល្មើសព្រៃឈើកើតឡើងគ្មានទីបញ្ចប់។ មានឈ្មួញខ្លះទៀតដឹកជញ្ជូនឈើពីស្រុកកោះញែក និងស្រុកកែវសីមា ចូលទៅស្រុកស្នួល ខេត្តក្រចេះ យ៉ាងពេញបន្ទុកព្រោះមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធគិតតែពីរឿងប្រមូលលុយប៉ុណ្ណោះ។សកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តមណ្ឌលគិរី បានអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី ជាបន្ទាន់។ ដោយហេតុថា មួយរយៈចុងក្រោយនេះព្រៃឈើនៅក្នុងតំបន់អភិរក្សជីវចម្រុះកែវសីមា និងនៅតំបន់អូរហ៊ុច រងការបំផ្លាញយ៉ាងមហន្តរាយឲ្យឈ្មួញធំៗអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូន។ ជាងនេះទៅទៀតលោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ នៅតែបើកបារ៉ាស់ឲ្យឈ្មួញធំៗដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងពេញបន្ទុកព្រោះលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើប្រកបដោយប្រសិទ្ធភាពឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ